និទានរឿងខ្លី បុរសអភព្វស្នេហ៍
សម័យថ្ងៃមួយ មានបុរសម្នាក់បានអង្គុយយំនៅជិតជញ្ជាំងវិហារនៃវត្តមួយនៅក្នុងខេត្តត្បូងឃ្មុំ ហើយពេលនោះ ក៏មានព្រះសង្ឃមួយអង្គបានឮសំឡេងបុរសនោះកំពុងតែមានសេចក្តីសោយ៉ាងខ្លាំង ។ ព្រះសង្ឃអង្គនោះ ក៏បានមានសង្ឃដីកាទៅវិញទៅមកជាមួយបុរសនោះថា ៖
ព្រះសង្ឃ៖ ឧបាសក! តើឧបាសកកំពុងកើតអ្វីហ្នឹងបានជាយំខ្លាំងយ៉ាងនេះ?
ឧបាសក៖ បពិត្រព្រះតេជគុណ! ខ្ញុំព្រះករុណាកំពុងតែមានទុក្ខជាទម្ងន់នៅក្នុងចិត្តខ្ញុំព្រះករុណា ព្រះតេជគុណ។
ព្រះសង្ឃ៖ អរ ឧបាសក! បើដូច្នោះ ឧបាសកអាចប្រាប់រឿងរ៉ាវទាំងនោះដល់អាត្មាបន្តិចបានទេ ក្រែងអាត្មាអាចជួយដល់ឧបាសកបាន ។
ឧបាសក៖ កូណា ព្រះតេជគុណ តាមពិតទៅកាលដើមឡើយ ខ្ញុំព្រះករុណាជាសិស្សដែលមិនទាន់ចប់ទី ១២ ម្នាក់ដែលបានលះបង់ការសិក្សារបស់ខ្លួនដើម្បីទៅបំពេញការងារនៅឯប្រទេសកូរ៉េខាងត្បូង ដើម្បីបានប្រាក់ខ្លះយកមកជួយដល់ពុកម៉ែ និងប្អូនៗបានរៀនបន្ត ហើយក្រោយមក ខ្ញុំព្រះករុណាត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង រយៈពេលបីឆ្នាំមក ខ្ញុំកូណា ក៏បានមកជួបនឹងនារីម្នាក់ដែលនាងមានសម្រស់សមរម្យធ្វើឱ្យខ្ញុំដកចិត្តមិនរួចនៅក្នុងវត្តមួយនៃរដូវកាលចូលឆ្នាំ ពេលនោះខ្ញុំកូណា ក៏បានសួរនាងចំៗទៅលើរឿងគ្រួសារ ដោយនាងបានប្រាប់ថា នាងជាស្រីមេម៉ាកូនមួយ បើសិនជាខ្ញុំ មិនយល់ទាស់ទេនោះ អាចចូលដល់ឳពុកម្តាយនាងបាន ។ ក្រោយមកខ្ញុំ ក៏បានសម្រេចចិត្តដោយខ្វះការពិចារណាដោយមិនបានសួរពីប្រវត្តិរបស់គេជាមនុស្សយ៉ាងណាទេ ហើយក៏បានអញ្ជើញឳពុកម្តាយខ្ញុំចូលស្តីដណ្តឹងនាងតែម្តង ។ ក្រោយពីយើងបានរៀបការជាមួយគ្នាបានមួយឆ្នាំ ខ្ញុំ និង នាងបានកូនប្រុសម្នាក់ ពេលនោះនាង ហាក់បីដូចជា បិទសិទ្ធសេរីភាពខ្ញុំច្រើន ព្រោះរាល់កាលបុណ្យទានម្តងៗ នាងមិនឱ្យខ្ញុំមកមើលគេកំសាន្តសប្បាយនៅតាមវត្តនានាឡើយ សូម្បីតែជិតផ្ទះ ។ ចៃដន្យពេលមួយ នៃថ្ងៃចូលឆ្នាំចុងក្រោយ ខ្ញុំក៏បានសុំអនុញ្ញាតគាត់ទៅម្តងជាពីរដង តែគាត់មិនព្រម ថែមទាំងគាត់បានបោះពាក្យសំដីធ្ងន់ៗមកកាន់ខ្ញុំថែមទៀតថា បើខ្ញុំនៅតែរឹងរុះមិនព្រមស្តាប់គាត់ គាត់នឹងលែងលះគ្នារវាងប្តីប្រពន្ធជាមួយគាត់ហើយ ពេលនោះ ខ្ញុំបានគិតថា គាត់និយាយលែងជាមួយនឹងខ្ញុំ ហើយខ្ញុំនៅតែមកវត្តដើម្បីមើលការកំសាន្តជាមួយមនុស្សឯទៀតទៅ ។ លុះខ្ញុំបានមកដល់ផ្ទះវិញ ស្រាប់តែគាត់បាននិយាយទាំងកំហឹងថា នេះជាអីវ៉ាន់អ្នកឯង ឆាប់យកទៅនៅផ្ទះរបស់អ្នកឯងវិញទៅ អ្នកកុំភ្លេចថា ពេលអ្នកឯងមកនៅជាមួយខ្ញុំ អ្នកឯងមកតែបាទដៃទទេ ទេ ។ ក្រោយពីការស្តីបន្ទោសពាក្យធ្ងន់ៗរបស់គាត់មកកាន់ខ្ញុំ ខ្ញុំក៏ខាំមាត់សង្កត់ចិត្តយ៉ាងខ្លាំង ដោយគិងថា ហេតុតែខ្លួនខ្ញុំក្រហ្ន៎ ។ លុះព្រឹកឡើង
វេលាប្រមាណម៉ោង ៤ ទៀបភ្លឺ គាត់ក៏បានបោះវ៉ាលីឱ្យខ្ញុំ ហើយប្រាប់ថា នុ៎ះឡានក្រុងមកហើយឆាប់ទៅៗ ។ ដោយការបណ្តេញចេញពីផ្ទះរបស់គាត់មកលើរូបខ្ញុំបែបនេះ ខ្ញុំក៏សម្រេចចិត្តចុះចេញពីផ្ទះដោយមិនអាឡោះអាល័យសូម្បីតែកូនប្រុសតូចរបស់ខ្ញុំព្រះករុណា សូមទានជ្រាបដោយហេតុតែប៉ុណ្ណេះឯង ព្រះតេជគុណ ។
Picture: Pexels
ព្រះសង្ឃ ៖ អើ! ឧបាសក ជីវិតអុីចឹងឯង មានកើតត្រូវតែមានស្លាប់ជាធម្មតា មានការជួបតែងតែមានការព្រាត់ជាធម្មតា នេះជាជីវិតលោកិយណាឧបាសក ដូច្នេះ ឧបាសក ត្រូវចាំថា កាលណាបើយើងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងនូវរបស់ដែលយើងស្រលាញ់ទេនោះ របស់នោះៗនឹងត្រូវវិនាសទៅថ្ងៃណាមួយមិនខាន ។ មួយទៀត បើឧបាសក ស្រលាញ់នរណាម្នាក់ហើយ ឧបាសកត្រូវតែមានចំណេះចំនាញណាមួយដ៏ជាក់លាក់ដើម្បី ចៀសវៀងពីការមាក់ងាយនៃជនទាំងពួងណាឧបាសក ។
ឧបាសក ៖ កូណា! ពិតជាអរព្រះគុណខ្លាំងណាស់នូវសង្ឃដីកាដ៏មានតម្លៃរបស់ព្រះអង្គ ហើយខ្ញុំតាំងចិត្តនឹងមិនស្រក់ទឹកភ្នែកដោយសារមនុស្សស្រីទៀតឡើយ ។
ពេលនោះឧបាសក បានក្រាបបង្គំលាចំពោះព្រះសង្ឃហើយក៏បានប្រឹងប្រែងរៀននូវចំនាញដ៏រឹងមាំសម្រាប់ខ្លួនឯង ហើយក៏បានក្លាយទៅជាអ្នកមានជីវភាពធូរធាម្នាក់ទៅ ។
ចប់!!!
អត្ថបទ៖ អុិន ពិសី
ថ្ងៃទី ៤ កើត ខែពិសាខ ព.ស.២៥៦៥
ថ្ងៃទី 15/04/2021
Comments
Post a Comment