រឿងនិទានខ្លី ឪពុក កូនប្រុស និង សត្វលា
កាលពីព្រេងនាយ មានឪពុក និង កូនប្រុសពីរនាក់បានទៅទិញសត្វលាមួយក្បាលនៅភូមិឆ្ងាយមួយកន្លែង ក្រោយពីពួកគេបានទិញសត្វលារួច ពួកគេមិនបាននាំគ្នាជិះនូវសត្វលានោះទេ ដោយបានដើរថ្មើរជើងទាំងអស់គ្នា ។
ស្រាប់តែក្រោយមក មានបុរសម្នាក់ បានស្រែកឮខ្លាំងៗថា អ្នកជាមនុស្សល្ងង់ណាស់ មានសត្វលាហើយតែមិនចេះជិះទៀត ។ ពេលនោះ ឪពុក និង កូនប្រុសបាននាំគ្នាគិតថា យី! ល្អតើ គំនិតនេះពិតជាល្អមែន បន្ទាប់មក ពួកគេក៏បាននាំគ្នាជិះនូវសត្វលានោះ ។
ក្នុងដំណើរផ្លូវរបស់ពួកគេ មានអ្នកភូមិផ្សេងទៀត បានឃើញ និង និយាយថា មើលទៅសត្វលានេះ គួរឱ្យអាណិតណាស់ វាមានការលំបាកក្នុងការដើរផ្លូវឆ្ងាយ ពេលនោះ បុរសដែលជា ឪពុក និង កូនប្រុសបានស្តាប់សំដីរបស់អ្នកភូមិម្នាក់នោះហើយ ក៏មានចិត្តអាណិតនូវសត្វលា និង បានសូមទោសនូវសត្វលានោះ ហើយក៏ដើរជាមួយសត្វលាទៅ ។
ក្នុងពេលដែលដើរឆ្លងកាត់វាលស្រែចំការជាច្រើន ស្រាប់តែមានមនុស្សស្រីម្នាក់បាននិយាយឡើងថា កូនប្រុសនេះក្មេង ព្រមទាំងមានសុខភាពល្អទៀត ដូច្នេះ កូនប្រុសគួរតែដើរ ហើយឪពុកគួរតែបានជិះនូវសត្វលានេះ កូនប្រុសនោះបានឮសំដីនោះហើយ ក៏បានសូមទោសចំពោះឪពុករបស់គេថា ខ្ញុំសូមទោសពុក សូមពុកមកជិះនៅលើសត្វលានេះចុះ ។
ខណៈដែលឪពុក និង កូនប្រុសបានដើរដល់ភូមិរបស់ខ្លួន ហើយ អ្នកភូមិរបស់ពួកគេបាននិយាយឡើងថា ឱជនអាត្មានិយមនេះ កូនប្រុសខ្លួនកំពុងមានការដើរយ៉ាងលំបាក ហើយមើលទៅគេក៏កំពុងតែមានសេចក្តីពេញចិត្តក្នុងការជិះនូវសត្វលានេះដែរ ។ កាលដែលឮ ដូចនេះភ្លាម ឪពុក និង កូនប្រុសនោះក៏សម្រេចចិត្តបោះបង់នូវគំនិតអ្នកដទៃ និង បានសម្រេចចិត្តយកសត្វលាចងផ្អោបជើងទាំងសងខាង រួចក៏យកឫស្សីមួយកំណាត់ប្រវ៉ែងជាពីរម៉ែត្រដាក់ស៊កចូលចន្លោះជើងកណ្តាលសត្វលានោះ រួចក៏សែងទាំងពីរនាក់ឪ និង កូនទៅ ។
ដោយពេលបន្ទាប់មកទៀត ពួកគេក៏បានទៅដល់ផ្ទះរបស់ពួកគេ ពេលនោះស្រាប់តែពួកអ្នកភូមិបាននាំគ្នាសើច ហើយក៏បាននាំគ្នាសាកសួរថាហេតុអ្វីបានជាអ្នកមិនជិះ នូវសត្វលានេះអ៊ីចឹង ? តើសត្វលានេះមិនអាចដើរបានមែនទេ ? ឪពុកកូនប្រុសនោះ ក៏បានរៀបរាប់តាំងពីដើមថាមានមតិផ្សេងៗគ្នា អំពីរឿងជិះសត្វលានេះ បានជាធ្លាក់រហូតដល់ពួកគេមិនជិះនូវសត្វលា សុខចិត្តសែងនូវសត្វលាទៅ ៕
ចប់
និយមន័យនៃរឿង
រឿងនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា រាល់គំនិតអ្នកដទៃមិនប្រាកដថាត្រឹមត្រូវនោះឡើយ ។
ព្យាយាមប្រើគំនិងរបស់ខ្លូនដ៏សមស្របដើម្បីចៀសវៀងការធ្វើខ្លួនឯងឱ្យលំបាក ។
សរសេរ និង ប្រែសម្រួលដោយ៖ អ៊ិន ពិសី
Comments
Post a Comment