តួនាទីរបស់មាតាបិតា
នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបានបង្រៀនមនុស្សឱ្យមានតួនាទី ឬ កាតព្វកិច្ចមកលើគ្នាទៅវិញទៅមក ហើយនៅក្នុងទីនេះព្រះអង្គបានសម្តែងពីតួនាទីរបស់មាតាបិតាមកលើកូនប្រុសស្រី មាន ៥យ៉ាង គឺ៖
Picture = Pinterest
១.ត្រូវហាមកូនប្រុសស្រីមិនឱ្យប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ
២.ត្រូវឱ្យកូនប្រុសស្រីធ្វើអំពើល្អដែលប្រាសចាសទោស ហើយស្ថិតនៅក្នុងក្រុមសីលធម៌ល្អ
៣.ត្រូវឱ្យកូនប្រុសស្រីរៀនសូត្រមានចំណេះវិជ្ជាគ្រប់គ្រាន់
៤.ត្រូវបំពេញកិច្ច រៀបចំគូរស្រកឱ្យកូនប្រុសស្រីឱ្យបានល្អ
៥.ត្រូវចែកទ្រព្យសម្បត្តិទៅដល់កូនប្រុសស្រីឱ្យបានសមរម្យ ។
តើតួនាទីទាំងអស់នេះ មាតាបិតាបានបំពេញគ្រប់គ្រាន់ហើយឬនៅ?
ខ្ញុំនឹងអធិប្បាយពេលក្រោយត្រង់ចំនុចនិមួយៗទៀត។
សេចក្តីអធិប្បាយអំពីកាតព្វកិច្ចរបស់មាតាបិតា ៥ យ៉ាង៖
១. ហាមកូនមិនឱ្យធ្វើអាក្រក់
ការហាមកូនប្រុសស្រីពីសំណាក់ ឳពុកម្តាយវាជារឿងសំខាន់ និង ចាំបាច់ដែលក្នុងនាមខ្លួនជាឳពុកម្តាយត្រូវធ្វើ ពីព្រោះឳពុកម្តាយ គាត់ជាអ្នកស្ថិតនៅកៀកជិតកូនប្រុសស្រីរបស់ខ្លួន ។ នៅក្នុងការហាមប្រាមនេះ វាពិតជាទាមទា ឱ្យឳពុកម្តាយមានចំណេះដឹងជាខាងដើម បន្ទាប់មកពួកគាត់ត្រូវអនុវត្តន៍ខ្លួនឱ្យក្លាយទៅជាជនគំរូដល់កូនប្រុសស្រី ជាតួយ៉ាង ពួកគាត់មិនត្រូវប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ដូចជាការលែងល្បែង ចូលកាសុីណូ ចូលក្លឹបកំសាន្ត ផឹងសុរា គ្រឿងញៀន ចូលខារ៉ាអូខេ ជារឿយដែលជាហេតុមួយបង្ហាញគំរូអាក្រក់ដល់កូនៗខ្លួនឡើយ ។
២.ត្រូវប្រាប់កូនៗឱ្យប្រព្រឹត្តតែអំពើល្អ
នៅក្នុងការប្រព្រឹត្តអំពើល្អនេះដែរ វាមិនខុសពីចំណុចទី ១ ប៉ុន្មានទេ គឺទាមទាឳពុកម្តាយត្រូវមានចំណេះដឹង និង ត្រូវដើរតួជាគំរូថែមទៀតផង ។ ការប្រព្រឹត្តអំពើល្អមានច្រើនណាស់ ដូចជា ការប្រាប់ពួកគេឱ្យមានក្រមសីលធម៌ល្អ មានមារយាទល្អ ដែលចេះគោរពចាស់ទុំ ត្រកូលរាមច្បង អ្នកជិតខាងដោយកាយវាចា និង ចិត្ត សមរម្យ ។ ត្រូវដឹកនាំកូនៗឱ្យចេះធ្វើទានតាំងពីតូចៗទៅ មិនថាក្នុងក្រុមគ្រួសារ ញាតិជិតខាង ឬអ្នកដែលមានជីវភាពខ្វះខាតឡើយ ។ មិនត្រូវរើសអើងមនុស្ស វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ សាសនា អ្វីឡើយ ដែលជាហេតុនាំឱ្យមានការបង្ករជម្លោះដល់សង្គមជាតិ បែកបាក់ជាតិជាដើម ។
Picture = Parenting Nation
៣.ត្រូវឱ្យកូនៗទទួលបានការអប់រំដ៏ល្អ
ការសិក្សារៀនសូត្រពិតជារឿងសំខាន់ខ្លាំងណាស់ នៅក្នុងសង្គមជាតិមួយមិនអាចគ្មានអ្នកចេះដឹងបានឡើយ គឺចាំបាច់ត្រូវតែមាននូវជំនាញផ្សេងៗ មិនថាជំនាញរឹង (ថ្នាក់វិទ្យាល័យ បរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិត) ឬក៏ទន់ (ក្រុមសីលធម៍ទូទៅ) ឡើយ ពួកគេចាំបាច់ត្រូវតែមាននៅក្នុងខ្លួនដែលជារឿងមិនអាចខ្វះបាន ។ បើពួកគេមានតែទ្រព្យសម្បត្តិខ្វះចំណេះដឹង ពិតជាមិនអាចថែរក្សានូវទ្រព្យសម្បត្តិដែលជាកេរ្តិ៍មរតករបស់ឳពុកម្តាយខ្លួនបានឡើយ ថ្ងៃណាមួយអាចនឹងត្រូវវិនាសដោយការសប្បាយភ្លើតភ្លើនជ្រុស ឬការសេពគប់ខុសជាអាទិ៍ ។
Picture = UI Here
៤.ការរៀបចំទុកដាក់កូនប្រុសស្រីឱ្យមានគូរស្រក
បើសិនជាកូនៗទទួលបានការអប់រំល្អហើយ មានការងារសមរម្យហើយ ក្នុងនាមជាឳពុកម្តាយត្រូវតែសួរកូនៗខ្លួនថា មានមនុស្សជាទីពេញចិត្តដើម្បីសាងអនាគតជាមួយគ្នាហើយឬនៅ បើនៅទេ ព្យាយាមពន្យល់ពួកគេឱ្យរកអ្នកណាដែលសមរម្យនឹងខ្លួនទាំផ្នែក វិជ្ជាសម្បិត្តិ (ចំណេះដឹង) ចរិយាសម្បត្តិ (ចារិកមារយាទ) និង ទ្រព្យសម្បត្តិថាតើសាកសមនឹងខ្លួនឬទេ បើកូនៗមានមនុស្សដែលពេញចិត្តហើយ ត្រូវព្យាយាមសិក្សា និងសួរនាំពីត្រកូលម្ខាងទៀត ដើម្បីឈានដល់ការរៀបអាពាហ៍ពិពាហ៍តែម្តង ។
Picture = Lovepik
៥.ការចែកទ្រព្យសម្បត្តិ
ក្នុងនាមជាឳពុកម្តាយ ត្រូវចែកទ្រព្យសម្បត្តិដល់កូនៗខ្លួនទៅតាមអ្វីដែលខ្លួនមាន ដូចជា វិជ្ជាសម្បត្តិ ចរិយាសម្បិត្តិ និង ទ្រព្យសម្បត្តិ ។ ចំពោះទ្រព្យសម្បត្តិ គឺធ្វើយ៉ាងណាឱ្យមានភាពស្មើៗគ្នា ដើម្បីចៀសវាងរាល់ជម្លោះផ្សេងៗ ដែលនឹងកើតមានព្រោះតែរឿងលំអៀង (លំអៀងមាន ៤ យ៉ាង គឺ លំអៀងព្រោះស្អប់ ស្រលាញ់ ល្ងង់ខ្លៅ និង ខ្លាច) នេះ ។
សរុបមកវិញថា មាតាបិតាត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ ចំពោះកូនប្រុសស្រីដើម្បីនៅក្នុងក្រុមគ្រួសារមានភាពរុងរឿង ជាតិរុងរឿង និង ពិភពលោករុងរឿង តាមរយៈការមិនធ្វេសប្រហែសនូវក្នុងកិច្ចការរបស់ខ្លួនចំពោះកូនៗជាទីស្រលាញ់ឡើយ ហើយត្រូវចៀសវាងនៅពេលបង្កើតពួកគេរួចយកទៅបោះបង់ចោល ឬចាកចេញពីពួកគេដោយមិនមានទំនួលខុសត្រូវឡើយ ៕
អរគុណ!!!
Pisey En
08/10/2020
I hope all of you receive the good ways of your life from this article.
ReplyDelete