គតិអប់រំខ្លីៗ និង រឿងខ្លីអំពីខ្សែជីវិតរបស់អ្នកបួសក្នុងសម័យទំនើប (Third Editions) The Real Stories of Buddhist Monks in Cambodia +សុភាសិតខ្លីៗ


១.បើបានបួសហើយត្រូវសិក្សាយកចំណេះដឹងឱ្យបានច្រើន។

២.កុំទម្លាប់បួសសឹកៗ ។

៣.មេវត្តត្រូវគិតដល់អ្នកក្រោមឱវាទឱ្យមានចំណេះដឹងផង។

៤.មុននឹងសឹកត្រូវសម្រេចចិត្តឱ្យបានច្បាស់លាស់ ។

៥.គ្មាននរណាម្នាក់អាចជួយយើងបានក្រៅតែពីខ្លួនយើងនោះឡើយ (ខ្លួនជាទីពឹងខ្លួន)។

៦.បួសហើយត្រូវចេះសាងប្រយោជន៍ដល់ខ្លួនឯង និង សង្គម ។

៧.ពេលមកបួសបានរៀនចេះដឹងកុំភ្លេចធាតុដើមរបស់ខ្លួនឯង (វត្តអារាម)។

៨.បើបួសស្រួលម៉្លេះមនុស្សមួយប្រទេសគេមកបួសគ្រប់គ្នាហើយ ។

៩.ត្រូវចាំថាជីវិតអ្នករៀនសូត្រមិនដែលស្រួលទេ។

១០.ការសិក្សារៀនសូត្រមិនដែលគិតពីវ័យនោះឡើយ ។

១១.កុំបួសរៀនតែធម៌សម្រាប់បុណ្យខ្មោច ។

១២.ត្រូវតាំងចិត្តថារៀនសូត្រឱ្យបានច្រើនជាងគ្រហស្ថ (ជាពិសេសផ្នែកតែងនិពន្ធ)។

១៣.យើងជាអ្នកបួសក៏ត្រូវមានការកំណត់គោលដៅឱ្យច្បាស់លាស់ដែរ ។

១៤.អ្នកបួសបញ្ចេញវាចាសូមគ្រហស្ថ គឺមិនល្អឡើយ ។

១៥.ត្រូវរៀនធម៌ប្រតិបត្តិធម៌ផង ។

ត្រូវគិតធម៌ ៣ យ៉ាង គឺ៖ 

• បរិយត្តិ = ក្បួនច្បាប់ទាំងឡាយ ។

• បតិបត្តិ = ការអនុវត្តិនូវធម៌វិន័យដែលខ្លួនឯងបានសិក្សា ។

• បដិវេធ = លទ្ធផលដែលខ្លួនបានប្រតិបត្តិ ឬធម៌រលាស់ខ្លួនចេញចាកទុក្ខ ។

១៦.សម័យវិទ្យាសាស្ត្រគួរតែសម្តែងធម៌បែបវិទ្យាសាស្ត្រ ។

១៧.ចំពោះរឿងព្រះវិន័យសូម្បីតែព្រះអរហន្ត(អ្នកអស់កិលេស)ក៏ត្រូវអាបត្តិដែរ ។

១៨.កុំកសាងតែវត្តភ្លេចកសាងធនធានមនុស្ស ។

១៩.បើកសាងវត្តអារាមមិនមានកម្មវិធីសិក្សាច្បាស់លាស់ទេ ថ្ងៃណាមួយនឹងក្លាយទៅជាវិហាររបស់សាសនាដ៏ទៃជាមិនខាន ។


  +រឿងខ្លី៖ ជីវិតអ្នកបួស

អំពីរឿងពិតរបស់អ្នកបួសដែលជាជីវិតពិតនៅក្នុងសង្គមសព្វថ្ងៃនេះ ៖ 


ថ្ងៃមួយ ក្រោយពីខ្ញុំបាននិមន្តមកពីសាលារៀនវិញ ខ្ញុំបានឃើងញោមប្រុសម្នាក់ មានអាយុប្រហែលជា ៣០ ឆ្នាំ កំពុងឈរយាមផ្ទះឱ្យអ្នកធំម្នាក់ ភ្លាមនោះ ខ្ញុំក៏និមន្តទៅជិតគាត់ក៏បានសំណេះសំណាលជាច្រើនជាមួយនឹងគាត់  ៖


ញោមប្រុស ៖ “ព្រះតេជគុណ ! សូមនិមន្តគង់ ចាំខ្ញុំកូណាយកតុមកប្រគេនសម្រាប់គង់” ។


ខ្ញុំ ៖ ចម្រើនពរញោម! “មិនអីទេ អាត្មាឈរក៏បាន” ។


ញោមប្រុស ៖ លោកម្ចាស់ ! “អនុគ្រោះឱ្យខ្ញុំកូណាផង ក្រែងខ្ញុំកូណាបានបុណ្យកុសលគ្រាន់ជាទីពឹងខ្លះទាន”។


ខ្ញុំ ៖ យី! ភាសានេះ គឺជាភាសាអ្នកដែលចេះដឹងព្រះពុទ្ធសាសនាជ្រៅជ្រះគ្រាន់បើទេតើ! ខ្ញុំគិតក្នុងចិត្ត ។ ពេលនោះ ខ្ញុំបានសួរទៅគាត់ភ្លាមថា ញោម! “ញោមប្រហែលជាអ្នកដែលធ្លាប់បានបួសជាព្រះសង្ឃដែរមែនទេ”? ខ្ញុំសួរគាត់ ។


ស្រាប់តែពេលនោះ គាត់ក៏ភ្លាត់មាត់ថាគាត់ធ្លាប់បានបួសជាព្រះសង្ឃប្រមាណជា ១០ ព្រះវស្សា (១០ឆ្នាំ) ដែរ។


  +សេចក្តីអធិប្បាយអំពីជីវិតជាព្រះសង្ឃ

ហើយក្នុងកាលគាត់នូវជាព្រះសង្ឃ គាត់មិនបានរៀនតំរិះវិជ្ជាអ្វីក្រៅតែពីធម៌នោះទេ គាត់បានប្រាប់ខ្ញុំទៀតថា បើគាត់រៀនវិជ្ជាអណាចក្រនោះ មានព្រះសង្ឃជាច្រើនមិនពេញចិត្ត និង តិះដៀលទៅគាត់ ព្រមទាំងញាតិញោមមួយចំនួនផងដែរថា "បួសរៀនវិជ្ជាខាងក្រៅ(ផ្លូវអណាចក្រ) គឺដើម្បីសឹកតែប៉ុណ្ណោះ"។ ព្រោះដូច្នោះ គាត់ក៏មិនបានរៀនវិជ្ជាផ្លូវលោកអ្វីនោះទេ ។ ក្រោយមកគាត់ចេះតែមានអារម្មណ៌អផ្សុក ហើយចង់សឹក ដែលជាហេតុមួយធ្វើឱ្យគាត់មិនអាចនៅជាភេទព្រះសង្ឃបាន មិនយូរប៉ុន្មាន គាត់ក៏សឹកដោយគ្មានគោលដៅក្នុងជីវិត។ 


  +ភាពលំបាកជូរចត់ក្នុងភេទជាគ្រហស្ថ

បន្ទាប់អំពីគាត់សឹករួចមក គាត់ក៏ដើរផ្សងព្រេងរកការងារទាំងដែលគាត់មិនមានចំណេះវិជ្ជាអ្វីទាំងអស់។ គ្រានោះ គាត់ក៏បានគិតថា មានតែញាតិញោមដែលគាត់ធ្លាប់ស្គាល់ កាលដែលគាត់នៅភាពជាព្រះសង្ឃតែប៉ុណ្ណោះ ទើបអាចជួយគាត់បាន(ព្រោះកាលនៅបួសពួកគេស្នឹតស្នាលគ្នាណាស់) ក្នុងកាលដែលទៅនោះ ពិតជាលាភសំណាងរបស់គាត់មែន ពីព្រោះគេបានទទួលយ៉ាងកក់ក្តៅ(ដោយភាពជាម្ចាស់ផ្ទះធ្វើចំពោះភ្ញៀវ) ប៉ុន្តែជាអកុសល កាលសម្រាកសម្រាន្តរបស់គាត់ នៅក្នុងផ្ទះនោះបានត្រឹមតែ ២ទៅ ៣ថ្ងៃតែប៉ុណ្ណោះ គាត់ក៏មិនអាចស្នាក់នៅទីនោះតទៀតបាន ហើយគាត់បានត្រឹមតែទទួលពាក្យមួយម៉ាត់ថា "ខ្ញុំរាប់អានអ្នកត្រឹមតែអ្នកឯងនៅភេទជាព្រះសង្ឃតែប៉ុណ្ណោះ បើអ្នកឯងមកជាគ្រហស្ថហើយ ខ្ញុំមិនអាចរាប់អានអ្នកទៀតបានឡើយ" ម្ចាស់ផ្ទះពោលទៅគាត់។ នូវពេលដែលញោមប្រុសនោះបានឮពាក្យនោះភ្លាម គាត់ហាក់បីដូចជា មនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនអុីចឹង ប៉ុន្តែគាត់បានតាំងស្មារតីយ៉ាងមាំ ហើយគិតថា “ខ្ញុំត្រូវតែតស៊ូដើម្បីជីវិតខ្ញុំ និង ឳពុកម្តាយរបស់ខ្ញុំ”។


  +ការតស៊ូគង់បានសម្រេច

ក្រោយអំពីចាកចេញពីផ្ទះនោះមក គាត់ក៏ដើរសុំការងារគេរហូតទាល់តែបានជាភ្នាក់ងារសន្តិសុខម្នាក់ទៅ ហើយគាត់ក៏និយាយទាំងទឹកមុខរីករាយដោយប្រាប់ខ្ញុំថា "ប្រសិនបើព្រះតេជគុណចង់សឹក ត្រូវតែមានតំរិះវិជ្ជាផ្នែកអណាចក្រឱ្យបានច្រើនជាមុនសិន បើមិនមានទេ ព្រះតេជគុណកុំសឹកធ្វើអ្វី នៅបួសជួយព្រះពុទ្ធសាសនាអស់មួយជីវិតល្អជាង" ។ បន្ទាប់អំពីខ្ញុំបានស្តាប់ការរាយរាប់អំពីខ្សែជីវិតរបស់គាត់រួចមក ខ្ញុំស្ទើតែស្រក់ទឹកភ្នែក ហើយខ្ញុំបានគិតថា ឱ! “ជីវិតរបស់អ្នកបួសហេតុអ្វីក៏កំសត់យ៉ាងនេះហ្ន៎” ខ្ញុំក៏ដើរចេញទៅ៕

អត្ថបទសរសេរដោយៈ ភិក្ខុវរប្បញោ អុិន ពិសី 

 សូមអរព្រះគុណ និងអរគុណ!!!

Comments

Popular posts from this blog

ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៧ យ៉ាង៖