សិក្សាអំពីពុទ្ធសាសនិកជនល្អ
តើពុទ្ធសាសនិកជនត្រូវធ្វើដូចម្តេចខ្លះដើម្បីធ្វើខ្លួនឱ្យក្លាយជាជនគំរូក្នុងនាមជាពុទ្ធសាសនិក?
ដើម្បីបានក្លាយជាជនគំរូក្នុងពុទ្ធសាសនា ទីមួយគ្រហស្ថទាំងឡាយត្រូវសិក្សាថា ខ្ញុំត្រូវជាអ្នកមាននូវសីលប្រាំប្រការដើម្បីប្រព្រឹត្តប្រចាំថ្ងៃ គឺ៖
ទី១.ត្រូវវៀរបង់នូវការបៀតបៀនចំពោះមនុស្ស និង សត្វផ្សេងៗ ឧទាហណ៍ថា បើយើងបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ គឺមិនត្រូវបង្ករហិង្សាដាក់គ្នាឱ្យមានរបួសស្នាម ឬឈានដល់ការសម្លាប់គ្នានោះឡើយ ។
ទី២.ត្រូវវៀរបង់ការប្រព្រឹត្តអំពើលួច ឆក់ ប្លន់ កឹបកែងប្រវ័ញ្ញទ្រព្យសម្បត្តិជាតិ ឬអ្នកដទៃដែលជាហេតុបង្កឱ្យអ្នកដទៃមានសេចក្តីទុក្ខដោយសារយើងឡើយ ។ ក្នុងនាមជាពុទ្ធមានិកជន គួរណាស់ធ្វើសេចក្តីល្អឱ្យបានច្រើនទៅតាមអ្វីដែលខ្លួនអាចធ្វើទៅបាន ដូចជាការចែកទាន ដល់ជនក្រីក្រដែលគ្មានទីពឹង ចេះស្តាប់ធម៌ដែលជាដំបូន្មានល្អៗក្នុងការញុំាងខ្លួនឱ្យក្លាយទៅជាជនគំរូបាន និង ចេះបំពេញទានចំពោះភិក្ខុសង្ឃមិនថាលោកមានឋានៈយ៉ាងណាក្តី ។
ទី៣.ត្រូវវៀរបង់នូវអំពើភិតក្បត់ប្តីប្រពន្ធខ្លួន ហើយទៅលបលាក់និងជនទីបីដែលជាទីសំអប់នៃភរិយាស្វាមីខ្លួន ។ ជាការពិតណាស់ ការមានប្រពន្ធពីរបី ប្តីពីរបី មិនមែនជាធម៌សន្តោសឡើយ ធម៌សន្តោសមានន័យថាការចេះល្មមនឹងរបស់ដែលមាន ឬចេះត្រេកអរនឹងរបស់ដែលខ្លួនមាន ការបើល្មោភហួសប្រមាណមិនចេះស្កប់ស្កល់មិនមែនជាធម៌របស់ព្រះសម្មាសម្ពុទ្ធឡើយ ។
ទី៤.ត្រូវវៀរបង់និងការនិយាយបោកប្រាស់អ្នកដទៃ មិនថាទង្វើនោះជាទង្វើអ្វីឡើយដែលជាហេតុធ្វើឱ្យអ្នកដទៃមានការខាតបង់មិនថាទ្រព្យដែលមានវិញ្ញាណ ឬឥតវិញ្ញាណឡើយ ។ នៅក្នុងប្រទេសជាច្រើនមិនថាប្រទេសខ្មែរយើង ឬប្រទេសដទៃនៅក្នុងពិភពលោកឡើយតែងតែមានការបោកបញ្ឆោតគ្នាទៅវិញទៅមកដើម្បីបំពេញប្រយោជន៍ខ្លួន ពេលខ្លះអាចឈានដល់ការលក់នូវមនុស្សក៏មានដោយបានសំអាងថាឱ្យទៅធ្វើការងារនៅក្នុងប្រទេសនេះ ប្រទេសនោះជាដើម ។
ទី៥.ត្រូវវៀរបង់ការផឹកនូវទឹកស្រវឹងផ្សេងៗ មិនថាជាប្រភេទស្រា ឬទឹកថ្នោតជូរឡើយ ពីព្រោះកាលបើយើងទទួលទានដោយមិនស្គាល់ប្រមាណនូវទឹកស្រវឹងនោះ វាអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដូចជាបណ្តាលឱ្យមាននូវជំងឺជាច្រើនក្នុងរៀងកាយ ដូចជារលាកក្រពះ រលាកថ្លើម ទឹកនោមផ្អែម និងធ្វើឱ្យខួរក្បាលមានការចុះខ្សោយទៀតផង ។ លើសពីនេះទៅទៀត វាក៏អាចបង្កឱ្យមានអំហិង្សាក្នុងគ្រួសារ និង គ្រោះថ្នាក់ចរាចរណ៍ជាដើម ។
ដូច្នេះ ក្នុងនាមជាពុទ្ធសានិកម្នាក់ គួរតែសិក្សារៀនសូត្រនូវព្រះពុទ្ធវចនៈឱ្យបានច្រើន ហើយព្យាយាមប្រកាន់ខ្ជាប់នូវសីលប្រាំដែលបានរៀបរាប់ខាងលើនេះ ៕ សូមអរគុណ!!!
សរសេរដោយ អុិន ពិសី
Comments
Post a Comment