អំពីធម៌ការដឹងគុណ
តើព្រះពុទ្ធបានសម្តែងការដឹងគុណយ៉ាងណាខ្លះចំពោះសាវ័កព្រះអង្គ?
ហេតុអ្វីបានជាព្រះអង្គសម្តែងថាការដឹងគុណ គឺជាមង្គលដ៏ឧត្តម?
នៅក្នុងលោកយើងនេះ បើសិនជាមនុស្សយើងបាត់ការដឹងគុណ គឺ សេចក្តីល្អមនៃការធ្វើតបរវាងគ្នា និងគ្នាហើយនោះ បុគ្គលនោះគឺ មិនខុសពីសត្វតិច្ឆានឡើយ ។
ព្រោះថាសត្វតិច្ឆាន មិនបានគិតថា នាងញីនេះជាម្តាយអញ លោកឈ្មោលនេះជាឪពុកអញ (សត្វសុនក) បុគ្គលរូបនេះជាម្ចាស់(សត្វពស់) របស់អញឡើយ ។
សត្វតិច្ឆានទាំងនោះឱ្យតែដល់ពេលឃ្លាន មិនថាទៅលើចំណី ឬកាមតណ្ហាទេ ពួកវានឹងប្រទុសរាយ(ប្រព្រឹត្តអនាចារ្យ)ចំពោះឪពុកម្តាយរបស់វាជាមិនខានឡើយ ។
យ៉ាងណាមិញចំពោះមនុស្សខ្លះ ក៏មិនបានគិតថាមនុស្សស្រីរូបនេះជាម្តាយអញ មនុស្សប្រុសរូបនេះជាឳពុកអញទេ ឱ្យតែពួកគេមានចំណង់ទៅលើអ្វីមួយ ហើយបុគ្គលនោះក៏ប្រទុសរាយចំពោះឳពុកម្តាយរបស់គេបានយ៉ាងងាយ ពេលខ្លះវាយដោយដំបង ពេលខ្លះក៏ឈានដល់សម្លាប់ក៏មាន ។ នេះហើយយើងឃើញថា មនុស្សដែលមិនបានអប់រំចិត្តគឺ មិនខុសអំពីសត្វតិច្ឆានឡើយ ។
មួយវិញទៀតព្រះពុទ្ធបានសម្តែងអំពីការដឹងគុណនេះជាមង្គលដ៏ឧត្តម បុគ្គលណាមួយនៅក្នុងលោកនេះតែងមានការដឹងគុណ ចំពោះបុគ្គលដែលមានគុណមកលើខ្លួន ដោយហោចទៅសូម្បីតែដុំបាយមួយដុំនោះ បុគ្គលនោះ គឺជាបុគ្គលដ៏ប្រសើរ គឺទៅណាមកណា តែងមានមនុស្សទាំងឡយស្រឡាញ់ចូលចិត្តរាប់អានជានិច្ច ។
ព្រះពុទ្ធបានសម្តែងចំពោះព្រះសារីបុត្រដែលជាបុគ្គលដ៏ប្រសើរ ជាបុគ្គលដ៏គំរូមួយរូបក្នុការដឹងគុណ ចំពោះបុគ្គលដែលធ្វើគុណចំពោះលោក ។
មានសេចក្តីតំណាលថា ថ្ងៃមួយ មានបុរសចាស់ម្នាក់ បានមានសេចក្តីជ្រះថ្លា ហើយចង់បួសយ៉ាងខ្លាំង តែមិនដឹងធ្វើយ៉ាងណា ។ ក្រោយមកបុរសនោះក៏បានសូមភិក្ខុសង្ឃទាំងឡាយដើម្បីបានស្នាក់នៅ ក៏ដូចជាបានបំរើព្រះសង្ឃផងដែរ ។ ហើយពេលនោះក៏ដូចចិត្តទៀត ដែលព្រះសង្ឃអនុញ្ញាតិឱ្យគាត់បានស្នាក់នៅក្នងការបំរើព្រះភិក្ខុសង្ឃ ។
ក្រោយមក មិនយូរប៉ុន្មានបុរសចាស់នោះក៏សូមនូវបព្វជា គឺការបួសក្នុងសម្នាក់ភិក្ខុទាំងឡាយ តែមិនមានភិក្ខុអង្គណាមួយចង់បំបួសឡើយ ដោយសារតែគិតថា លោកគឺជាមនុស្សមួយរូបដែលចាស់ ហើយគិតថា ពិបាកអប់រំផងដែរ ។
ជាកុសលសម្រាប់បុរសចាស់នោះ ដោយសារតែពេលនោះ មានព្រះសារីបុត្រ និងព្រះពទ្ធបានគង់នៅទីនោះ ភ្លាមនោះផងដែរ ព្រះពុទ្ធបានត្រាស់សួរចំពោះភិក្ខុទាំងឡាយ ថាតើនរណាអាចបំបួសបុរសនេះបាន?
ស្រាប់តែពេលនោះ ព្រះសារីបុត្រក៏បាននឹកគិតដល់សេចក្តីល្អចំពោះបុរសនោះបានធ្វើមកលើខ្លួន គឺការដាក់បាតត្រឹមតែមួយវែក ។ បន្ទាប់មក ព្រះសារីបុត្រក៏បានបំបួសបុរសនោះឱ្យក្លាយជាព្រះសង្ឃទៅ ហើយមិនយូរប៉ុន្មានលោកក៏ទូន្មានបុរសនោះរឿយៗ ឱ្យតាំងនៅក្នុងសីល គឺជាអ្នកមានសីលល្អ រហូតបានសម្រេចជាព្រះអរហន្តទៅ (អ្នកអស់កិលេសសំដៅដល់ការលះខឹងក្រោធ ភាពច្រណែនស្អប់) ។
វាពិតជាអស្ចារ្យសម្រាប់ភិក្ខុសង្ឃទាំងឡាយ ដែលលោកអាចធ្វើមនុស្សម្នាក់បានសម្រេចនូវគុណធម៌វិសេសនេះបាន ។ នៅពេលនោះ ព្រះពុទ្ធបានសម្តែងថា ព្រះសារីបុត្រមិនមែនត្រឹមតែមានការដឹងគុណក្នុងជាតិនេះទេ សូម្បីតែជាតិពីមុនមក លោកក៏ធ្លាប់មានការដឹងគុណចំពោះអ្នកដ៏ទៃដែរ ។
សូមស្លេះត្រឹមតែប៉ុណ្ណេះចុះ ព្រោះរឿងរាវមានវែងឆ្ងាយទៅទៀត ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំគឺចង់បញ្ជាក់ថា ការដឹងគុណ គឺជាធម៌មួយដ៏ប្រសើរ ដែលមនុស្សគ្រប់រូបគួរតែធ្វើ ដូចជាការបំពេញទៅលើមាតាបិតា ត្រកូលរៀមច្បង និងអ្នកណាក៏ដោយឱ្យតែធ្លាប់ជួយយើង យើងគួរតែបំពេញសេចក្តីល្អចំពោះបុគ្គលទាំងនោះឱ្យបានច្រើនទៅតាមអ្វីដែលខ្លួនអាចប្រព្រឹត្តទៅបាន ៕
សូមអរគុណ និង អរព្រះគុណ!!!
អត្ថបទ: ភិក្ខុ អុិន ពិសី
Comments
Post a Comment