ជាតិជាមនុស្សកុំដេកចាំគេដាស់ប្រយ័ត្នគេលួចអស់

 

          នៅក្នុង វីឌីអូ ទី ៣ នេះ លោកគ្រូ សំបូរ មាណ្ណារ៉ា បានធ្វើបទសម្ភាសន៍មួយដែលជាប់ទាក់ទងពីកតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ នៅក្នុងនោះលោកគ្រូបានលើកអំពី L 4 ប្រភេទយកមកធ្វើការវែកញ៉ែកដូចតទៅ ៖

­       ចំពោះ L ទីមួយដែលមានន័យថា Love គឺរាល់មនុស្សទាំងអស់ត្រូវតែមានសេចក្តីស្រលាញ់ ។

­       ចំពោះ L ទីពីរដែលមានន័យថា Live គឺសំដៅដល់ការរស់ដែលបន្ទាប់ពីសេចក្តីស្រលាញ់ហើយនោះ ។

­       ចំពោះ L ទីបីដែលមានន័យថា Learn គឺសំដៅដល់ការរៀនសូត្រទាំងឡាយ ឱ្យចេះឱ្យស្ទាត់ចំនាញ ។

­       ចុងក្រោយ L ទីបួនដែលមានន័យថា Leave Legacy គឺការបន្សល់ទុកនៅកេរ្តិ៍ដំណែល ទាំងអស់នេះ គឺជាអ្វីដែលកើតចេញពីសេចក្តីស្រលាញ់របស់ឪពុកម្តាយដែលតែងតែជូនពរចំពោះកូនប្រុសស្រី ទៅណាមកណាឱ្យរកស៊ីមានបាន មានសេចក្តីសុខ អាយុវែង ហើយវាគឺជាការកើតចេញអំពីសេចក្តីស្រលាញ់របស់ឪពុកម្តាយ ។

­       ក្នុងទីនេះគឺ លោកគ្រូបានបញ្ជាក់ថាគឺជាអ្វីដែលឪពុកម្តាយបានផ្តល់ឱ្យ ជាពិសេសទៅការផ្តល់សេចក្តីស្រលាញ់ ការស់នៅ ការរៀន និង ការផ្តល់នៅទ្រព្យសម្បត្តិផ្សេងៗចំពោះកូនៗប្រុសស្រីទាំងឡាយ ហើយក្នុងនោះ លោកគ្រូក៏បានពន្យល់ផងដែរថា ឪពុកម្តាយគួរផ្តល់នូវចំណេះដឹងឱ្យកូនបានច្រើនបើខ្លួនមិនចេះហើយ កុំព្យាយាមឱ្យកូនៗខ្លួនមិនចេះទៀត គឺកុំឱ្យល្ងង់តគ្នាឡើយ ព្រោះអនាគតប្រទេសជាតិ គឺនៅលើដៃកូនៗរបស់យើង ។

­       មិនត្រឹមតែប៉ុណ្ណោះ គាត់បានលើកឡើងទៀតថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានការទំនួលខុសត្រូវចំពោះប្រទេសជាតិរបស់ខ្លួន គឺមួយការពារដោយប្រើបញ្ញា មួយត្រូវការពារដោយកម្លាំងអាវុធ និងមួយទៀតត្រូវការបារដោយការអភិរក្ស

­       មួយទៀតនោះ លោកគ្រូ បានលើកឡើងថា ពលរដ្ឋក៏គួរតែឈប់មើលបំណាំទៅលើតែបុគ្គលម្នាក់ដូចជាខ្លួនមិនមែនជាអ្នកប្រវត្តិសាស្ត្រ ហើយមិនត្រូវខ្វល់់ប្រវត្តិសាស្ត្រនោះឡើយ ខ្លួនមិនមែនជាអ្នកនយោបាយ ហើយក៏មិនខ្វល់ពីនយោបាយនោះក៏ទេដែរ យើងក៏ត្រូវឈប់ប្រកាន់នូវទស្សនៈដែលមិនរីកចម្រើនតទៅទៀត ដូចជា អាវៀចគេតម្រង់ អាត្រង់គេពត់ទៀតទៅ ត្រូវយកអាវៀចធ្វើកង់ អាត្រង់ធ្វើកាំ និងកុំនាំគ្នាកាត់ត្រួយតម្រឹមទ្រើងតទៅទៀត យើងក៏នាំគ្នា ប្រឹងដាក់ទ្រើងឱ្យត្រួយបក់វិញ ។

­       ដូច្នេះ ក្នុងនាមជាឪពុកម្តាយមិនត្រូវស្តីបន្ទោសកូនឡើយ តែគួរតែនាំគ្នាពន្យល់កូនៗឱ្យទៅសារមន្ទីរដើម្បីសិក្សាអំពីប្រវត្តិសាស្ត្រ ទៅវត្តអារាម ដើម្បីសិក្សាអំពីប្រវត្តិវត្តអារាមនោះៗ និងចេះថ្វាយបង្គំព្រះសង្ឃផងដែរ និង មិនត្រូវមើលបំណាំនឹងនរណាឡើយ ហើយក៏កុំដេកទាល់តែគេដាស់បានក្រោកដែរ ត្រូវចេះក្រោកដោយខ្លួនឯង និងសិក្សាស្វែងយល់ទាំងអស់គ្នា បើមិនអ៊ីចឹងទេ ប្រាកដជាគេលួចដោយសប្បាយចិត្តជាមិនខាន ។

សរសេរដោយ អ៊ិន ពិសី

Comments

Popular posts from this blog

និទានរឿងខ្លី បុរសអភព្វស្នេហ៍

អគតិធម៌ ៤យ៉ាង

រឿងនិទានខ្លី ឪពុក​ កូនប្រុស និង សត្វលា