ធ្វើយ៉ាងណាទើបសងគុណមាតាបិតារួចទៅ?


            បុគ្គលនៅក្នុងលោកយើងនេះបើនិយាយចំពោះអ្នកមានគុណមកលើយើង គឺមានច្រើនណាស់ បានដល់មាតាបិតា បងប្អូនប្រុសស្រី សាច់ញាតិឆ្ងាយជិត លោកគ្រូ អ្នកគ្រូ និងកល្យាណមិត្ត(មិត្តល្អ) ជាដើម ។ ប៉ុន្តែចំណុចនេះបុគ្គលដែលមានគុណច្រើនជាងគេដែលព្រះសម្មាសម្ពុទ្ធបានដាក់ឈ្មោះថា ជាគ្រូដើម ទេវតាដើម អាហុនេយ្យបុគ្គល (បុគ្គលដែលគួរបូជា) នោះ គឺមាតាបិតាយើងហ្នឹងឯង ពួកគាត់មានគុណមិនអាចរៀបរាប់បាននោះទេ ហើយព្រះអង្គក៏ឱ្យឈ្មោះគុណទាំងនោះថា៖


        -អនន្ទគុណ = គុណដែលមិនអាចរាប់បាន

-អបរិមាណគុណ= គុណដែលមិនអាចវាស់ស្ទង់បាន ។ និងអត្ថន័យរបស់លោកទាំងពីរ គឺ មាតា មានន័យថា ជាស្ត្រីអ្នករាប់អានកូន បិតា មានន័យថា បុរសអ្នករក្សាកូន ។ ម្យ៉ាងទៀត ពួកគាត់មានគុណរៀងៗខ្លួនមកលើយើង គឺ មាតាបានផ្តល់ជាតិគុណ ចំណែកឯបិតាបានផ្តល់ឧបការគុណមកលើយងផងដែរ ។ ដូច្នេះព្រះពុទ្ធក៏បានសម្តែងទៀតថា មាតាបិតាមានគុណជាអនន្ទគុណ ដែលគ្មានអ្វីមកប្រៀបធៀបឱ្យស្មើបានឡើយ ទោះបីបុគ្គលនោះអាចពិពណ៌នាថា យកផែនដីធ្វើជាក្រដាស់ យកភ្មំសុនេរុជាដងបាកា(ជក់ ឬក៏បុិចសម្រាប់សរសេរ) យកមហាសមុទ្ទជាទឹកនៃបាកានោះ ហើយបុគ្គលនោះសរសេររៀបរាប់ទៅលើគុណមាតាបិតាខ្លួន(ម្តាយខ្ញុំជាអ្នកផ្តល់កំណើតឱ្យខ្ញុំ ឳពុកខ្ញុំជាអ្នកចញ្ចឹមបីបាច់ខ្ញុំ) រហូតទាល់តែរេចរឹលនៅផែនដីទាំងមូល រីងនៅមហាសមុទ្ទ រឹលទៅនៃដងបាកាយ៉ាងនេះក្តី ក៏មិនអាចពិពណ៌នាទៅលើគុណរបស់ពួកគាត់អស់ដែរ ។ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គក៏បានសម្តែងថា ទោះបីបុគ្គនោះយកមាតារែកដាក់ស្មាម្ខាង បិតារែកដាក់ស្មាម្ខាង ហើយចិញ្ចឹមពួកគាត់មានបញ្ចុកបាយ នំចំនី លាងលាមក ទឹកមូតរបស់ពួកគាត់ដែលនឹងប្រព្រឹត្តទៅអល់ ១០០ឆ្នាំ យ៉ាងនេះក្តី ក៏មិនអាចឱ្យឈ្មោះថាសងនូវគុណរបស់ពួកគាត់បានដែរ ។ 




            ចុះធ្វើយ៉ាងណាទៅទើបក្នុងនាមយើងជាកូនប្រុសស្រីអាចសងគុណពួកគាត់បាន? 

តាមពិតក្នុងន័យនេះទោះបីជាយើងចង់សងគុណពួកគាត់យ៉ាងណាក៏មិនអាចអស់បានដែរ តែយើងក៏អាចឈ្មោះថាជាអ្នកសងនូវគុណបានយ៉ាងច្រើនដែរគឺ៖


១.ចំពោះកូនប្រុសស្រីត្រូវធ្វើយ៉ាងណាដែលពួកគាត់មិនទាន់មានសទ្ធាក្នុងការជឿទៅក្នុងគុណព្រះរតនត្រ័យ(ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ) ធ្វើឱ្យមានឡើង ។


២.ពួកគាត់មិនទាន់មានសីល ៥ សីល ៨ ឬ ១០ គឺយើងព្យាយាមឱ្យមានឡើង ។

៣.ពួកគាត់មិនទាន់ចេះបរិចាកទាន គឺព្យាយាមឱ្យមានឡើង ។


៤.ពួកគាត់មិនទាន់មានបញ្ញា ដែលកើតអំពីការស្តាប់ធម៌ក្តី អានសៀវភៅធម៌ក្តី គឺត្រូវធ្វើឱ្យមានឡើង ។


            ចំណែងទាំង ៤ នេះទើបឈ្មោះថាជាការសងគុណដល់មាតាបិតាយ៉ាងប្រពៃ ពីព្រោះយើងបានចូលរួមចំណែកឱ្យពួកគាត់ចៀសវាងអំពើជាអកុសលធម៌ទាំងឡាយ និងមិនឱ្យធ្លាក់ទៅក្នុងឋានដល់ថោកទាបផ្សេងៗនោះ ។

សូមអរព្រះគុណ និងអរគុណ!!!

អត្ថបទៈ អុិន ពិសី

Comments

Popular posts from this blog

ភាពអវិជ្ជមាន និង វិជ្ជមាននៃប្រព័ន្ធអប់រំតាមវត្តអារាម

សិក្សាអំពី ព្រះបាទជ័យវរ្ម័នទី ៧ ដោយសង្ខេប

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៧ យ៉ាង៖