អត្ថបទរឿងខ្លី៖ ម្តាយវាយកូន
នាងរក្សាជាកូនម្នាក់ក្នុងចំណោមបងប្អូនទាំង ៨នាក់ដែលមានម្តាយជាស្ត្រីមេម៉ាយ ឈ្មោះថា យាយឆុំ ហើយនាងរក្សាគឺជាកូនទី ៨ ដែលជាកូនពៅក្នុងគ្រួសារ ហើយនាងរស់នៅតែពីរនាក់យាយ ឆុំ ទេដោយសារតែបងឯទៀតបានរៀបការ និងមានគ្រួរសារអស់ទៅ។
ថ្ងៃមួយរក្សាបានមកពីរៀនវិញដោយសារតែសាលាឆ្ងាយ និង ព្រោះបញ្ហាខូចកង់នៅកណ្តាលផ្លូវផង នាងក៏បានមកយឺត ពេលនោះយាយឆុំ មិនបានសួររកហេតុផលវែងឆ្ងាយទេ គឺបានដើរសំដៅទៅកន្លែងដំបងឫស្សីមួយប៉ុនមេជើងក្មេងដែលមានប្រវែងជិតមួយម៉ែត្រ ក៏បានវាយទៅនាងរក្សាយ៉ាងខ្លាំងៗ រួចក៏បានពោលថា “យី! នាងកាឡកិណី ជាស្រីគ្មានត្រកូល នាងឯងស្កាត់ទៅជួបប្រុសនៅកន្លែងណាហ៎! បានជាពេលនេះទើបបានមកដល់ផ្ទះ ចាននៅឡើងគរ ភួយមុង ក៏មិនទាន់បោក ហើយគ្រាន់តែសាលាប្រវែងហ្នឹង នាងឯងជិះប៉ុន្មានម៉ោងហ៎!” ។
ពេលនោះ រក្សាមិនបាននិយាយអ្វីក្រៅតែពីយំដែរព្រោះមានអាយុទើបតែ១៣ឆ្នាំតែប៉ុណ្ណោះ លុះក្រោយមកក៏មានកូនសិស្សមួយក្រុមបានមកពីសាលាដែរ ក៏បានឃើញនៅហេតុការណ៍នោះ ក៏បានសួរទៅយាយ ឆុំថា “អ៊ំៗ ហេតុអ្វីបានជាអ៊ំវាយនាងខ្លាំងម្ល៉េះ? តើនាងបានធ្វើអ្វីខុសទៅ? ចុះអ៊ំ មិនខ្លាចអំពីរឿងសិទ្ធកុមារទេ អ៊ំ?”
ពេលនោះយាយ ឆុំ រឹតតែខឹងបន្ថែមទៀតថា “យឺ! ក្រុមពួកឯងសុទ្ធតែជាមនុស្សខូច អុីចឹងហើយទើបហានកាន់ជើងមនុស្សខូចនោះ យើងវាយកូនអញ គ្មានទើសក្បាលពួកឯងរាល់គ្នាទេវើយ”។
បន្ទាប់មក ក្រុមក្មេងៗដែលជាសិស្សសាលាបានពោលបន្ថែមទៀតថា “អ៊ំ! ស្តាប់ខ្ញុំសិន រក្សាមិនបានទៅជួបប្រុសឯណាទេ តាមពិតទៅ មកពីកង់គ្នាខូចទេតើ ហើយបើអ៊ំ មិនជឿអ៊ំសាកមើលកង់កូនអ៊ំទៅ តើវាខូចអ្វីខ្លះ?”
ពេលនោះ យាយ ឆុំ ក៏ក្រឡេកមើលទៅក៏ឃើថាកង់របស់នាងបានធ្លាយនៅពោះវៀនផ្នែកខាងក្រោយ និង ចង្វាក់កង់ក៏បានដាច់ទៀត ភ្លាមៗនោះ យាយ ឆុំ បានស្រក់ទឹកភ្នែកយ៉ាងជោគជាំ មិនដឹងថាវាបានហូរនៅពេលណា ស្រាប់តែយាយ ឆុំបានស្ទុះទៅអោបកូនយ៉ាងណែន រួចក៏បានរៀបរាប់ថា “ម៉ែខុសហើយកូនៗ ដែលមិនបានសាកសួរកូនឱ្យបានច្បាស់លាស់សិន ម៉ែសូមទោសណាកូនណា ចាប់ពីថ្ងៃនេះតទៅ ម៉ែឈប់វាយកូនទៀតហើយ”។ ក្រុមកូនសិស្សក៏បានឃើញហេតុការណ៍នោះស្ងាត់ និងបានស្រុះស្រួលឡើងវិញ ក៏បានជិះកង់ទៅផ្ទះរៀងៗខ្លួនទៅ ចំណែងឯយាយ ឆុំ និង រក្សាក៏បាននាំគ្នាចូលក្នុងផ្ទះបាត់ទៅ ៕ ចប់!
អត្ថន័យនៃរឿង
-ត្រូវពិចារណាឱ្យបានល្អិតល្អន់មុននឹងធ្វើអ្វីមួយ។
-រៀនទទួលយកហេតុផលពីអ្នកដទៃខ្លះផង។
-ត្រូវរក្សាភាពអហិង្សាទើបរកដំណោះស្រាយឃើញ ។
-ក្នុងនាមជាមនុស្ស ឬកុមារត្រូវតែមានសិទ្ធក្នុងការបញ្ចេញនូវមតិ មិនត្រូវឱ្យគេជិះជាន់ហើយជិះជាន់ទៀតនោះទេ ។
អត្ថបទៈ អុិន ពិសី
សូមអរគុណ!!!
Comments
Post a Comment